និស្សិត​ខ្មែរ​៥​នាក់​នឹង​ទៅ​ប្រកួត​មុខវិជ្ជា​ច្បាប់​អន្តរជាតិ​នៅ​សហរដ្ឋ​អាមេរិក

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នឹង​បញ្ជូន​និស្សិត​ច្បាប់​ទៅ​ប្រកួត​ប្រជែង​មុខវិជ្ជា «ច្បាប់​អន្តរជាតិ» នៅ​សហរដ្ឋ​អាមេរិក​នា​ពេល​ខាង​មុខ។

និស្សិត​ពូកែ​មួយ​ក្រុម​នេះ នឹង​ត្រូវ​រួម​គ្នា​ល្បង​សមត្ថភាព​ជាមួយ​នឹង​និស្សិត ១០០​ក្រុម​ដែល​មក​ពី ៨០​ប្រទេស​ផ្សេង​ទៀត។

និស្សិត​សាលា​ច្បាប់​ចំនួន ៥​នាក់ នឹង​ទៅ​ចូល​រួម​ប្រកួត​ប្រជែង​អំពី​នីតិ​អន្តរជាតិ​សាធារណៈ​នៃ​កម្មវិធី The Jessup International Moot Court នៅ​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ អាមេរិក នៅ​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១២ ខាង​មុខ។

បេក្ខជន​មួយ​រូប​ក្នុង​ចំណោម ៥​រូប ឈ្មោះ អន ប៊ុនណារិទ្ធ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ថា ក្រុម​ពួកគាត់​មាន​គ្នា​ចំនួន ៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២​នាក់ នឹង​ទៅ​ប្រកួតប្រជែង​នឹង​និស្សិត​បរទេស​ផ្សេងៗ​ទៀត ដែល​មក​ពី​ចំនួន ៨០​ប្រទេស​នៅ​លើ​សាកលលោក។

ប៊ុនណារិទ្ធ បញ្ជាក់​ថា ការ​ប្រកួតប្រជែង​អំពី​នីតិ​អន្តរជាតិ​សាធារណៈ​នេះ គឺ​ផ្ដោត​លើ​បញ្ហា​មួយ​ចំនួន ដូចជា​ការ​វាយ​កម្ទេច​ប្រាសាទ​បុរាណ កិច្ច​អន្តរាគមន៍​លើ​បញ្ហា​មនុស្សធម៌ និង​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ជាដើម។